General News

លោក ត្រាំ ទម្លាយថា អាមេរិក និងអ៊ីរ៉ង់ លួចត្រូវរ៉ូវគ្នាច្រើនដង តែខាងអ៊ីរ៉ង់ក្រឡាស់សម្តីវិញ

នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃសុក្រ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទម្លាយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ធ្លាប់បានយល់​ស្រប​​គ្នាលើកិច្ចព្រមព្រៀងជាច្រើនរួចមកហើយ ប៉ុន្តែខាងភាគីអ៊ីរ៉ង់តែងតែបដិសេធ ហើយ​មិនព្រមទទួលស្គាល់ទៅវិញ។ លោក ត្រាំ បានថ្លែងថា ពួកយើង ពិតជាបានឈានដល់ការព្រមព្រៀងគ្នាយ៉ាងច្បាស់លាស់ហើយ ប៉ុន្តែឱ្យតែពេលណាពួកគេយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដល់ថ្ងៃបន្ទាប់មក ពួកគេធ្វើដូចជា ពួកយើងមិនធ្លាប់បាននិយាយជជែកគ្នាពីរឿងហ្នឹងទាល់តែសោះ។ មេដឹកនាំអាមេរិករូបនេះ បានអះអាងទៀតថា នៅក្នុងកិច្ចព្រមព្រៀងនោះ គឺមានរួមបញ្ចូលទាំង ការដែលអ៊ីរ៉ង់ ត្រូវប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចទាំងអស់ ឱ្យមកអាមេរិកផងដែរ។ លោកបានបន្ថែមថា បច្ចុប្បន្នមានតែសហរដ្ឋអាមេរិក និងប្រទេសចិនប៉ុណ្ណោះ ដែលមានឧបករណ៍បច្ចេកវិទ្យាគ្រប់គ្រាន់ ក្នុងការកាយយកសារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះ ចេញពីកន្លែង ដែលវាត្រូវបានកប់នៅក្រោមគំនរបាក់បែក ដែលជាលទ្ធផលនៃការវាយប្រហារតាមផ្លូវអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល។ ដើម្បីធានាថា សារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះ មិនត្រូវបានគេលួចកាយយកចេញ មុនពេលកិច្ចព្រមព្រៀងត្រូវបានសម្រេចជាផ្លូវការ លោក ត្រាំ បានបញ្ជាក់ថា អាមេរិក កំពុងតែដាក់តំបន់នោះ ក្រោមការតាមដានយ៉ាងតឹងរ៉ឹងបំផុត ដោយមានកាមេរ៉ារហូតដល់ទៅ ៩គ្រឿងរបស់កងទ័ពអវកាសអាមេរិក (US Space Force) ចាប់ហ្ស៊ូមមើលចំទីតាំងនោះមិនឱ្យដាច់ពី​ភ្នែកឡើយ។ លោក ត្រាំ បានទម្លាយទៀតថា មូលហេតុដែលធ្វើឱ្យការចរចា មានភាពរអាក់រអួល និងជួបបញ្ហាជាបន្តបន្ទាប់បែបនេះ គឺដោយសារតែមានជម្លោះផ្ទៃក្នុង និងភាពមិនច្បាស់លាស់ នៅក្នុងជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់។ លោកបាននិយាយបែបកំប្លែងលាយចំអកថា៖ និយាយទៅ ពួកយើងបានកម្ចាត់មេដឹកនាំរបស់ពួកគេអស់ជាច្រើននាក់ពេក ទៅរហូតដល់ពេលនេះ ខ្ញុំកំពុងតែព្យាយាមគិតមើលថា តើពួកយើងកំពុងតែចរចាជាមួយអ្នកណាឱ្យប្រាកដហើយហ្នឹង?

លោកប្រធានាធិបតី បានលើកឡើងពីអារម្មណ៍បែបនេះជាច្រើនដងមកហើយ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលោកបានប្រាប់ក្រុមអ្នកកាសែតថា នៅក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ កំពុងមាន «ការបែកបាក់គ្នាយ៉ាងខ្លាំង» ហើយថ្នាក់ដឹកនាំរបស់ពួកគេ មិនចុះសម្រុងគ្នានោះឡើយ។ នៅក្នុងសុន្ទរកថាមួយ លោក ត្រាំ ថែមទាំងបានហៅអ៊ីរ៉ង់ថាជា «ប្រទេសតែមួយគត់នៅលើលោក ដែលគ្មានអ្នកណាចង់ធ្វើជាមេដឹកនាំ» ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃដដែលនោះ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងព្រមទទួលយកកិច្ចព្រមព្រៀង ប្រសិនបើអ៊ីរ៉ង់យល់ព្រមបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រយៈពេល ២០ឆ្នាំ។ លោកបានសង្កត់ធ្ងន់ថា រយៈពេល ២០ឆ្នាំគឺគ្រប់គ្រាន់ហើយ ប៉ុន្តែវាត្រូវតែជា ២០ឆ្នាំពិតប្រាកដ មិនមែនជាការបោកប្រាស់នោះទេ ហើយរាល់សម្ភារៈនុយក្លេអ៊ែរទាំងអស់ ត្រូវតែត្រូវបានដកហូតចេញឱ្យអស់ពីប្រទេសអ៊ីរ៉ង់។ នៅពេលដែលក្រុមអ្នកកាសែតចោទសួរថា តើសហរដ្ឋអាមេរិកនឹងបើកប្រតិបត្តិការយោធាចូលទៅក្នុងទឹកដីអ៊ីរ៉ង់ ដើម្បីទៅជញ្ជូនយកសារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះដែរឬទេ ប្រសិនបើគ្មានកិច្ចព្រមព្រៀង?

លោក ត្រាំ បានឆ្លើយតបដោយទំនុកចិត្តខ្ពស់ថា ប្រសិនបើរឿងនោះកើតឡើងមែន អ៊ីរ៉ង់នឹងត្រូវ «បរាជ័យទាំងស្រុង» ដូចនេះ វានឹងមិនមានហានិភ័យអ្វីឡើយ ប្រសិនបើកងទ័ពអាមេរិកត្រូវសម្រេចចិត្តវាយលុកចូលទៅនោះ។ លោកបានបញ្ចប់ដោយពាក្យសម្តីម៉ាត់ៗថា ដល់ពេលដែលសមស្រប យើងនឹងចូលទៅយក ឬក៏យើងនឹងមានវិធីយកវាឱ្យខានតែបាន៕ ប្រែសម្រួល៖ ឈាង

ដូណាល់ ត្រាំ, អាមេរិក, អ៊ីរ៉ង់, កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់, សារធាតុអ៊ុយរ៉ាញ៉ូម, នយោបាយ

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha


Secret Link