Cambodia News

ភ្ញៀវទេសចរជាង២ម៉ឺននាក់សម្រុកកម្សាន្តនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ម៉ឺននាក់ ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត ដោយមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ។

ខ្យល់អាកាសដ៏បរិសុទ្ធ និងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលក្នុងខេត្តកំពង់ស្ពឺ បានទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ម៉ឺននាក់ ឱ្យមកសម្រាកលំហែកាយយ៉ាងគគ្រឹកគគ្រេង។

បើតាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ភ្ញៀវទេសចរចំនួន ២០,០០០នាក់ បានសម្រុកមកកាន់តំបន់គោលដៅទេសចរណ៍ល្បីៗជាច្រើនកន្លែង ក្នុងនោះរួមមាន ឧទ្យានជាតិគីរីរម្យ ទឹកធ្លាក់ចំបក់ ទឹកធ្លាក់អូរគគី តេទឹកពុះ ទឹកធ្លាក់ភ្នំជ្រាវ ខ្នងភ្នំចាស់ ខ្នងភ្នំព្រះ រមណីយដ្ឋានអំពែភ្នំ និងសួនច្បារសម្តេចសង្ឃជួនណាត។

ចំនួនភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់នេះ បង្ហាញឱ្យឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍មូលដ្ឋាន និងការពេញនិយមរបស់ប្រជាពលរដ្ឋចំពោះតំបន់ទេសចរណ៍បែបធម្មជាតិនៅក្នុងខេត្តកំពង់ស្ពឺ។

នៅក្នុងចំណោមភ្ញៀវសរុបនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ១,៨០០នាក់ បានជ្រើសរើសការស្នាក់នៅដើម្បីកម្សាន្តរយៈពេលវែង ខណៈដែលភ្ញៀវទេសចរជាង ១៨,៩៩០នាក់ទៀត បានធ្វើដំណើរមកកម្សាន្តជាលក្ខណៈវិលត្រឡប់ទៅវិញក្នុងថ្ងៃតែមួយ។ សម្រាប់ភ្ញៀវទេសចរបរទេសវិញ មានចំនួន ២១០នាក់ ដែលបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។

ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសក្តានុពលទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្តកំពង់ស្ពឺដែលកំពុងត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយ។

ទន្ទឹមនឹងចំនួនភ្ញៀវកកកុញបែបនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រាល់ការងារសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមគោលដៅសំខាន់ៗទាំងអស់ត្រូវបានគ្រប់គ្រងយ៉ាងល្អ។ ពុំមានសកម្មភាពមិនប្រក្រតី ឬបញ្ហាអសន្តិសុខណាមួយកើតឡើងនោះឡើយ ដោយសារមានកិច្ចសហការយ៉ាងសកម្មពីសំណាក់កងកម្លាំងទាំងបីប្រភេទក្នុងការចុះអនុវត្ត និងថែរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ។

នេះគឺជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញថា ការត្រៀមលក្ខណៈរបស់អាជ្ញាធរក្នុងការពង្រឹងសន្តិសុខ និងសេវាកម្មទេសចរណ៍ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនុកចិត្តសម្រាប់ភ្ញៀវដែលមកកម្សាន្ត។