General News

សហភាព​អឺរ៉ុប​​ឯក​ភាព​គ្នា​ដាក់​ទណ្ឌកម្ម​ជុំថ្មីលើ​អ៊ីស្រាអែល កាន់កាប់ West Bank

សហភាពអឺរ៉ុបឯកភាពដាក់ទណ្ឌកម្មជុំថ្មី ផ្តោតលើអ្នកកាន់កាប់អ៊ីស្រាអែល និងអង្គការគាំទ្រការតាំងលំនៅខុសច្បាប់នៅ West Bank។

រដ្ឋ​មន្ត្រី​ការបរទេសសហភាពអឺរ៉ុប​ បាន​ឯកភាពគ្នាលើ​ការ​ដាក់​ទណ្ឌ​កម្ម​ជុំ​ថ្មីមួយ​ទៀត​ ដោយ​​​ផ្តោត​លើអ្នក​កាន់​កាប់ គឺ​​អ៊ីស្រាអែលនិង​អង្គការ​​​ណាដែល​​គាំទ្រសកម្មភាព​តាំង​ទី​លំនៅ​ខុស​ច្បាប់​នៅ​តំបន់ West Bank ក្នុង​ប្រទេស​ប៉ា​ឡេស្ទីន​។ នេះ​បើ​យោង​តាម​សារព័ត៌មាន TRT World ចុះផ្សាយ​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៦ ។ រដ្ឋ​មន្ត្រីការបរទេស​បារាំង លោក Jean-Noel Barrot សរសេរ​លើ​បណ្តាញ​សង្គម​ X កាលពីថ្ងៃចន្ទថា៖ « រួចរាល់​ហើយ!. សហភាព​អឺរ៉ុប​កំពុង​ដាក់ទណ្ឌកម្ម​នៅថ្ងៃនេះ[​ថ្ងៃ​ចន្ទ] ​ចំពោះ​អង្គ​ការស្ថាប័ន​សំខាន់​របស់​​អ៊ីស្រាអែល​ពីបទគាំទ្រ​អាណានិគម​ជ្រុលនិយមនិងហិង្សា​នៅ​តំបន់ West Bank ក៏ដូចជាមេដឹកនាំ​របស់ពួកគេ​។ ទង្វើធ្ងន់ធ្ងរនិង​មិន​អាច​អត់​ឱន​ទាំង​នោះត្រូវតែបញ្ឈប់​បន្ទាន់​»។ លោក បាន​បន្ថែម ដោយ​សំដៅ​លើ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​ថា៖ « ក្តីសង្ឃឹម​ប្រទេស​បារាំង​បាន​រស់ឡើងវិញ​កាលពីឆ្នាំមុន​នៅទីក្រុងញូវយ៉ក ជាក្តីសង្ឃឹម​នៃរដ្ឋពីរ​ត្រូវ​បាន​ទទួល​ស្គាល់ ​គោរព និង​រស់​​នៅជាមួយគ្នាក្នុង​សន្តិភាព និង​សន្តិសុខ យើងនឹងមិន​អនុញ្ញាតឱ្យនរណាម្នាក់​ធ្វើឱ្យខូច​វាឡើយ»។ ដោយ​ឡែក​ លោកស្រី​ Kaja Kallas ប្រធានគោលនយោបាយ​ការបរទេសរបស់សហភាពអឺរ៉ុប ក៏​បានបញ្ជាក់ពីការសម្រេចចិត្ត​លើ​ការ​ដាក់​ទណ្ឌ​កម្ម​អ៊ីស្រាអែលថា៖ « រដ្ឋមន្ត្រីការបរទេសរបស់​សហភាព​អឺរ៉ុប បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ដាក់ទណ្ឌកម្មលើអ្នកតាំង​លំនៅ​ខុសច្បាប់​របស់អ៊ីស្រាអែល ពីបទ​ហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។ លោកស្រី​ Kallas សរសេរ​លើ​បណ្តាញ​សង្គម​ X ថា៖ « វាដល់ពេល​ហើយដែល​យើង​ត្រូវផ្លាស់ប្តូរពីភាពជាប់គាំង​ទៅជាការសម្រេចបាន​​។ ភាព​ជ្រុលនិយម និងអំពើហិង្សា​​គឺ​នាំ​មក​​​​ផលវិបាកប៉ុណ្ណោះ​»។ យោង​តាមមន្ត្រីប៉ាឡេស្ទីនឱ្យ​ដឹងថា តំបន់ West Bank កាន់កាប់​ដោយ​អ៊ី​ស្រាអែលបាន​ប្រើ​​អំ​ពើហិង្សាកាន់តែខ្លាំងឡើង ចាប់​តាំងពីការ ​​​វាយប្រហារ​នៅ​​​តំបន់ហ្គាហ្សា​ក្នុងខែតុលា ឆ្នាំ២០២៣ រួមទាំង​ការសម្លាប់ ចាប់ខ្លួន ពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះសម្បែង​។ យោង​តាមតួលេខផ្លូវការ​របស់​អាជ្ញា​ធរ​ប៉ាឡេស្ទីន ជន​ជាតិ​ប៉ាឡេស្ទីន​យ៉ាងហោចណាស់ ១ ១៥៥នាក់ ​ត្រូវបាន​សម្លាប់ ហើយ​ ១១ ៧៥០ នាក់​ រង​របួស និង​ជាង​ ២២ ០០០នាក់​ ត្រូវបាន​ចាប់ខ្លួន​នៅតំបន់ West Bank ៕ ប្រែដោយ​៖ ណឺ មិនា

សហភាពអឺរ៉ុប, ទណ្ឌកម្ម, អ៊ីស្រាអែល, West Bank, តាំងទីលំនៅខុសច្បាប់, ប៉ាឡេស្ទីន, អំពើហិង្សា

Leave a Reply

Your email address will not be published. Required fields are marked *

Are you human? Please solve:Captcha