សហភាពអឺរ៉ុបឯកភាពគ្នាដាក់ទណ្ឌកម្មជុំថ្មីលើអ៊ីស្រាអែល កាន់កាប់ West Bank

សហភាពអឺរ៉ុបឯកភាពដាក់ទណ្ឌកម្មជុំថ្មី ផ្តោតលើអ្នកកាន់កាប់អ៊ីស្រាអែល និងអង្គការគាំទ្រការតាំងលំនៅខុសច្បាប់នៅ West Bank។
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានឯកភាពគ្នាលើការដាក់ទណ្ឌកម្មជុំថ្មីមួយទៀត ដោយផ្តោតលើអ្នកកាន់កាប់ គឺអ៊ីស្រាអែលនិងអង្គការណាដែលគាំទ្រសកម្មភាពតាំងទីលំនៅខុសច្បាប់នៅតំបន់ West Bank ក្នុងប្រទេសប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន TRT World ចុះផ្សាយថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot សរសេរលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទថា៖ « រួចរាល់ហើយ!. សហភាពអឺរ៉ុបកំពុងដាក់ទណ្ឌកម្មនៅថ្ងៃនេះ[ថ្ងៃចន្ទ] ចំពោះអង្គការស្ថាប័នសំខាន់របស់អ៊ីស្រាអែលពីបទគាំទ្រអាណានិគមជ្រុលនិយមនិងហិង្សានៅតំបន់ West Bank ក៏ដូចជាមេដឹកនាំរបស់ពួកគេ។ ទង្វើធ្ងន់ធ្ងរនិងមិនអាចអត់ឱនទាំងនោះត្រូវតែបញ្ឈប់បន្ទាន់»។ លោក បានបន្ថែម ដោយសំដៅលើអ៊ីស្រាអែលនិងប៉ាឡេស្ទីនថា៖ « ក្តីសង្ឃឹមប្រទេសបារាំងបានរស់ឡើងវិញកាលពីឆ្នាំមុននៅទីក្រុងញូវយ៉ក ជាក្តីសង្ឃឹមនៃរដ្ឋពីរត្រូវបានទទួលស្គាល់ គោរព និងរស់នៅជាមួយគ្នាក្នុងសន្តិភាព និងសន្តិសុខ យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើឱ្យខូចវាឡើយ»។ ដោយឡែក លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានបញ្ជាក់ពីការសម្រេចចិត្តលើការដាក់ទណ្ឌកម្មអ៊ីស្រាអែលថា៖ « រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប បានផ្តល់ការអនុញ្ញាតឱ្យដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅខុសច្បាប់របស់អ៊ីស្រាអែល ពីបទហិង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីន»។ លោកស្រី Kallas សរសេរលើបណ្តាញសង្គម X ថា៖ « វាដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរពីភាពជាប់គាំងទៅជាការសម្រេចបាន។ ភាពជ្រុលនិយម និងអំពើហិង្សាគឺនាំមកផលវិបាកប៉ុណ្ណោះ»។ យោងតាមមន្ត្រីប៉ាឡេស្ទីនឱ្យដឹងថា តំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែលបានប្រើអំពើហិង្សាកាន់តែខ្លាំងឡើង ចាប់តាំងពីការ វាយប្រហារនៅតំបន់ហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣ រួមទាំងការសម្លាប់ ចាប់ខ្លួន ពង្រីកការតាំងទីលំនៅ និងការរុះរើផ្ទះសម្បែង។ យោងតាមតួលេខផ្លូវការរបស់អាជ្ញាធរប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១ ១៥៥នាក់ ត្រូវបានសម្លាប់ ហើយ ១១ ៧៥០ នាក់ រងរបួស និងជាង ២២ ០០០នាក់ ត្រូវបានចាប់ខ្លួននៅតំបន់ West Bank ៕ ប្រែដោយ៖ ណឺ មិនា
សហភាពអឺរ៉ុប, ទណ្ឌកម្ម, អ៊ីស្រាអែល, West Bank, តាំងទីលំនៅខុសច្បាប់, ប៉ាឡេស្ទីន, អំពើហិង្សា