គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ វាយប្រហារនៅក្បែររដ្ឋធានីប្រទេសអ៊ីរ៉ង់

រញ្ជួយដី ៤.៦ រ៉ិចទ័រ វាយប្រហារនៅជិត Pardis អ៊ីរ៉ង់ រំញ័រដឹងដល់តេហេរ៉ង់ ប៉ុន្តែមិនទាន់មានរបាយការណ៍អ្នករងគ្រោះ ឬខូចខាតភ្លាមៗ។
មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៤.៦ រ៉ិចទ័រ បានវាយប្រហារកាលពីយប់ថ្ងៃអង្គារ ទី១២ ខែឧសភា នៅជិតទីក្រុង Pardis ដែលស្ថិតនៅភាគខាងកើតរដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ ដោយបង្កឲ្យមានរំញ័រដឹងដល់ផ្នែកខ្លះនៃទីក្រុងតេហេរ៉ង់ និងតំបន់ជិតខាងទៀតផង។ មជ្ឈមណ្ឌលនេះ បានបញ្ជាក់នៅក្នុងការវាយតម្លៃបឋមថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ២០:១៦នាទី (ត្រូវនឹងម៉ោង ៣:១៦ នាទីទៀបភ្លឺ ម៉ោងនៅកម្ពុជា) ក្នុងជម្រៅដី ប្រមាណជា ១០ គីឡូម៉ែត្រ។ ទីភ្នាក់ងារសារព័ត៌មាន Anadolu របស់តួកគី ដោយដកស្រង់ការប្រកាសរបស់មជ្ឈមណ្ឌលរញ្ជួយដីអ៊ីរ៉ង់ បានចេញផ្សាយនៅថ្ងៃពុធនេះថា ចំណុចកណ្តាលនៃរញ្ជួយដី គឺស្ថិតនៅក្បែរព្រំប្រទល់ខេត្តតេហេរ៉ង់ និងខេត្តម៉ាហ្សាន់ដារ៉ាន់ (Mazandaran) ដែលមានចម្ងាយប្រហែល ៤១ គីឡូម៉ែត្រ ពីទីក្រុងតេហេរ៉ង់ និង ៧៧ គីឡូម៉ែត្រពីទីក្រុងការ៉ាច (Karaj)។ ការរំញ័រនេះត្រូវបានគេរាយការណ៍ថា អាចដឹងបាននៅតាមតំបន់ជុំវិញមួយចំនួន រួមទាំងស្រុកនានានៅភាគខាងកើតនៃខេត្តតេហេរ៉ង់ ក៏ដូចជាផ្នែកខ្លះនៃខេត្តម៉ាហ្សាន់ដារ៉ាន់ ដែលបង្កឲ្យមានការព្រួយបារម្ភរយៈពេលខ្លីដល់ប្រជាពលរដ្ឋរស់នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នករងគ្រោះ ឬការខូចខាតទ្រង់ទ្រាយសំណង់ណាមួយ បន្ទាប់ពីព្រឹត្តិការណ៍រញ្ជួយដីនេះនៅឡើយទេ។ បច្ចុប្បន្ន ភ្នាក់ងារសង្គ្រោះបន្ទាន់ និងស្ថាប័នត្រួតពិនិត្យ កំពុងបន្តវាយតម្លៃស្ថានភាព និងហានិភ័យនៃរញ្ជួយដីបន្ទាប់បន្សំ ទោះបីជាមិនទាន់មានការចេញការព្រមានអំពីគ្រោះរញ្ជួយដីបន្ថែមទៀតនៅដំណាក់កាលនេះក៏ដោយ៕ អត្ថបទ៖ សាង ស្រីល័ក្ខ តើវាសនានយោបាយ លោក Starmer នឹងទៅជាយ៉ាងណា ខណៈរលកបះបោរផ្ទៃក្នុងបក្សផ្ទុះឡើងខ្លាំង?
រញ្ជួយដី ៤.៦ រ៉ិចទ័រ, អ៊ីរ៉ង់, Pardis, តេហេរ៉ង់, Mazandaran, រញ្ជួយដីបន្ទាប់បន្សំ