Cambodia News

អាមេរិកជំរុញអឺរ៉ុបឲ្យដោះស្រាយបញ្ហាអ៊ីរ៉ង់ និងព្រមានពីការដកទ័ព

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបញ្ចប់ដំណើរទស្សនកិច្ចនៅអ៊ីតាលី ដោយជំរុញឱ្យបណ្តាប្រទេសអឺរ៉ុបចូលរួមការពារសន្តិសុខនៅច្រកសមុទ្រ Hormuz ខណៈលោក ដូណាល់ ត្រាំ បានព្រមានពីការកាត់បន្ថយវត្តមានយោធានៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបញ្ចប់​ដំណើរ​ទស្សនកិច្ចរយៈពេលពីរថ្ងៃទៅ​កាន់​ទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ដែលនៅក្នុងនោះ លោកបានព្យាយាមសម្របសម្រួលភាពតានតឹងជាមួយសម្ដេច ប៉ាប Leo និងបានជំរុញឲ្យបណ្តាប្រទេសអឺរ៉ុប ជួយការពារសន្តិសុខនៅ ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AFP ។ ភារកិច្ចនេះត្រូវបានគេមើលឃើញថា មានភាពស្មុគស្មាញ ដោយសារថ្មីៗនេះ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងៗទាំងទៅលើ មេដឹកនាំកាតូលិក (សម្ដេចប៉ាប) និងនាយករដ្ឋមន្ត្រីស្ដាំនិយមរបស់អ៊ីតាលី លោកស្រី Giorgia Meloni ទោះបីជាលោកស្រីជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់​ប្រធានាធិបតី​ ត្រាំ​ ក៏ដោយ។ បន្ទាប់ពីជំនួបជាមួយ លោកស្រី Meloni លោក Rubio បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ពិភពលោកត្រូវតែចាប់ផ្ដើមសួរខ្លួនឯងថា តើខ្លួនត្រៀមខ្លួនធ្វើអ្វីខ្លះ ប្រសិនបើអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងផ្លូវទឹកអន្តរជាតិមួយនេះជាធម្មតា?. ខ្ញុំគិតថា វារឿងដែលមិនអាចទទួលយកបានទេ»។ ការអំពាវនាវនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ដោយសំដៅទៅលើប្រទេសអ៊ីតាលី និងប្រទេសអឺរ៉ុបផ្សេងទៀត ដែលលោក ត្រាំ រិះគន់ថា បានឈរឱបដៃមើល មិនព្រមជួយសហរដ្ឋអាមេរិកក្នុងការការពារច្រកសមុទ្រដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះដែរ លោកត្រាំ បានគំរាមដកកងទ័ពអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីបានប្រកាសដកទ័ព ៥,០០០ នាក់ចេញពីអាល្លឺម៉ង់រួចមក។ មូលហេតុគឺដោយសារប្រទេសទាំងនេះបដិសេធមិនចូលរួមក្នុងជម្លោះ ដែលធ្វើឲ្យលោកចោទសួរអំពីតម្លៃនៃសមាជិកភាពរបស់អាមេរិកនៅក្នុងអង្គការណាតូផងដែរ។ លោក Rubio បានបញ្ជាក់បន្ថែមថា «ប្រសិនបើមូលហេតុចម្បងដែលអាមេរិកស្ថិតក្នុងអង្គការណាតូ គឺដើម្បីដាក់ពង្រាយកងទ័ពក្នុងតំបន់អឺរ៉ុបសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នផ្សេងៗ ប៉ុន្តែឥឡូវនេះសមាជិកមួយចំនួនបែរជាមិនសហការ នោះវាគឺជាបញ្ហាដែលត្រូវតែពិនិត្យឡើងវិញ»។ ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកនៅមិនទាន់បានសម្រេចចិត្តច្បាស់លាស់ថា តើត្រូវដាក់ពិន័យ ឬស្ដីបន្ទោសដល់ប្រទេសទាំងនោះតាមរបៀបណានៅឡើយទេ៕ អត្ថបទ៖ សាង ស្រីល័ក្ខ គុយបា ចោទ​អាមេរិកធ្វើ «សង្គ្រាមសេដ្ឋកិច្ច» ប្រឆាំង​ខ្លួន ក្រោយ​បញ្ចេញ​ទណ្ឌកម្មជាបន្តបន្ទាប់

អាមេរិក, អឺរ៉ុប, អ៊ីរ៉ង់, Marco Rubio, ដូណាល់ ត្រាំ, ច្រកសមុទ្រ Hormuz

Secret Link