UN៖ ភាពអត់ឃ្លានអាចកើនលើមនុស្ស ៤៥លានទៀត បើជីកសិកម្មជាប់គាំងនៅច្រក Hormuz

UN ព្រមានថា បើការនាំជីកសិកម្មជាប់គាំងនៅច្រក Hormuz មិនអាចឆ្លងកាត់ទាន់ពេល អាចបង្កឲ្យមនុស្ស ៤៥លាននាក់បន្ថែមធ្លាក់ក្នុងភាពអត់ឃ្លានធ្ងន់ធ្ងរ។
ប្រធានក្រុមការងារអង្គការសហប្រជាជាតិ (UN) ប្រាប់ AFP នៅថ្ងៃចន្ទ ទី១១ ខែឧសភានេះ ថា មនុស្សរាប់សិបលាននាក់អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដោយសារតែការខ្វះខាតផលិតកម្មស្បៀង ប្រសិនបើជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ ចំពេលកសិករនៅទូទាំងពិភពលោកកំពុងដាំដុះដំណាំ។ អ៊ីរ៉ង់បានធ្វើឱ្យច្រកយុទ្ធសាស្រ្ត ហ័រមូសនេះ ជាប់គាំងដើម្បីសងសឹក ចំពោះសង្គ្រាមចាប់ផ្តើមដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ រំខានដល់ពាណិជ្ជកម្មដ៏សំខាន់សម្រាប់កសិករនៅជុំវិញពិភពលោកនាពេលចុងបញ្ចប់នៃរដូវដាំដុះរបស់ពួគេ ព្រោះជីមួយភាគបីរបស់ពិភពលោកជាធម្មតាឆ្លងកាត់ច្រកនេះ។ លោក Jorge Moreira da Silva.. រូបភាព៖ UNសូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាកម្មគម្រោងអង្គការសហប្រជាជាតិ (UNOPS) ប្រាប់ AFP ក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉ារីស ថា៖ « យើងមានពេលពីរបីសប្តាហ៍ទៀត ដើម្បីទប់ស្កាត់វិបត្តិមនុស្សធម៌ដ៏ធំមួយ។ យើងអាចនឹងឃើញវិបត្តិមួយដែលនឹងបង្ខំមនុស្ស ៤៥លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្កើតក្រុមការងារនេះនៅក្នុងខែមីនា ដឹកនាំជាយន្តការមួយអនុញ្ញាតឱ្យជី និងវត្ថុធាតុដើមពាក់ព័ន្ធការផលិតជីកសិកម្ម ដូចជា អាម៉ូញាក់ ស្ពាន់ធ័រ និងអ៊ុយរ៉េ ឆ្លងកាត់ច្រកសមុទ្រមួយនេះ។ មិនតែប៉ុណ្ណោះ អស់រយៈពេលច្រើនសប្តាហ៍មកនេះ លោក Moreira da Silva ខិតខំបញ្ចុះបញ្ចូលភាគីជម្លោះអនុញ្ញាតឱ្យកប៉ាល់មួយចំនួនឆ្លងកាត់ ហើយលោកចួបជាមួយប្រទេសជាង១០០ ដើម្បីប្រមូលការគាំទ្រពីរដ្ឋសមាជិកអង្គការសហប្រជាជាតិជុំវិញយន្តការនេះ។ លោក និយាយថា៖ « ប្រទេសកាន់តែច្រើនឡើងកំពុងបង្ហាញការគាំទ្រចំពោះផែនការនេះ ប៉ុន្តែសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក៏ដូចជាប្រទេសឈូងសមុទ្រជាអ្នកផលិតជីសំខាន់ៗ មិនទាន់គាំទ្រពេញលេញនៅឡើយទេ»។ ខណៈក្តីសង្ឃឹមចុងក្រោយគឺសម្រាប់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងនៅក្នុងតំបន់និងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ទំនិញទាំងអស់ឆ្លងកាត់ច្រកសមុទ្រ។ លោក Moreira da Silva បន្តថា៖ « បញ្ហាគឺរដូវដាំដុះមិនអាចរង់ចាំបានទេ ដោយខ្លះ[ជី] បញ្ចប់ក្នុងប្រទេសអាហ្វ្រិករយៈពេលប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ»។ យ៉ាងណាការផ្តោតអារម្មណ៍ជាសកលគឺទៅលើផលប៉ះពាល់សេដ្ឋកិច្ចនៃការជួញដូរប្រេង និងឧស្ម័ន ប៉ុន្តែអង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នពីការគំរាមកំហែងចំពោះការបិទផ្លូវនេះ បង្កឡើងលើសន្តិសុខស្បៀងអាហាររបស់ពិភពលោក ដោយប្រទេសនៅអាហ្វ្រិកនិងអាស៊ីទំនងជារងផលប៉ះពាល់ខ្លាំងជាងគេ៕ ប្រែដោយ៖ ណឺ មិនា
UN, អត់ឃ្លាន, ច្រក Hormuz, ជីកសិកម្ម, សន្តិសុខស្បៀងអាហារ, រដូវដាំដុះ, អង្គការសហប្រជាជាតិ