ពលរដ្ឋក្រុងខេមរភូមិន្ទ ស្នើឱ្យក្រុមហ៊ុនអគ្គិសនីកោះកុង បំភ្លឺរឿងគីឡូភ្លើងហក់ឡើងទ្វេដង

ប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ កំពុងផ្ទុះការតវ៉ាស្វែងរកការពិតជុំវិញការហក់ឡើងនៃថ្លៃអគ្គិសនីខុសប្រក្រតី ដោយស្នើឱ្យក្រុមហ៊ុនចេញមុខបកស្រាយ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្នើឱ្យតំណាងក្រុមហ៊ុនអគ្គិសនីកោះកុង ចេញមកបំភ្លឺជុំវិញបញ្ហាគីឡូភ្លើងហក់ឡើងខ្ពស់ទ្វេដង បើធៀបនឹងខែមុនៗ ខណៈពួកគាត់ត្រូវចំណាយថ្លៃសេវាច្រើនមិនធ្លាប់ជួបប្រទះពីមុនមក។ ការតវ៉ានេះបានផ្ទុះឡើងនៅមូលដ្ឋានផង និងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយប្រជាពលរដ្ឋជាច្រើនអះអាងស្រដៀងគ្នាថា ការប្រើប្រាស់អគ្គិសនីនៅតែដដែល ឬប្រើតិចជាងមុនផង ប៉ុន្តែវិក្កយបត្របង្ហាញចំនួនគីឡូភ្លើង និងថ្លៃបង់កើនឡើងខ្លាំងខុសប្រក្រតី។ ជាក់ស្តែង លោក អ៊ុក មករា បានលើកឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ថា៖ «ខ្ញុំធ្លាប់បង់តែប្រមាណ៤០ម៉ឺនរៀល ប៉ុន្តែខែនេះឡើងដល់៨៤ម៉ឺនរៀល»។ ចំណែកលោក ឃុត សំភី បាននិយាយថា៖ «បើយ៉ាងហ្នឹង ដាច់ខ្យល់ហើយ!. សម្ភារៈប្រើដដែល តែគីឡូភ្លើងឡើងសាហាវរាល់ខែ»។ មិនខុសពីអ្នកទាំងពីរខាងលើ កញ្ញា ស្រីភក្រ្ត ក៏បានត្អូញត្អែរថា៖ «លក់ដូរមិនសូវដាច់ ហើយភ្លើងឡើងបែបនេះ មានលុយពីណាបង់ឱ្យក្រុមហ៊ុន បើគុណជាពីរបែបនេះ?»។ ចំណែកលោក សេង រតនៈ បញ្ចេញមតិលើបណ្តាញសង្គមថា ប្រជាពលរដ្ឋនាំគ្នាផុសរាល់ថ្ងៃទៅមើល បើពួកគាត់ខ្វាក់និងថ្លង់ ក៏គង់មានថ្ងៃណាមួយទេវតាប្រោសឱ្យគាត់មើលឃើញ និងដឹងឭពីបញ្ហាយើងដែរ។ ជាមួយគ្នានេះ អ្នកស្រី ម៉ាក់ យ៉ាទី អ្នករស់នៅដងទង់លើកឡើងដែរថា៖« អត់ដឹងនិយាយថាម៉េចទេមួយខែៗរកតែលុយបង់ភ្លើងធ្លាប់តែប្រើអស់ហើយ៧ម៉ឺនរៀលទៅ៨ម៉ឺនរៀល តែឥឡូវជិត២០ម៉ឺនរៀល»។ ដោយមានការមិនសុខចិត្តនឹងគីឡូភ្លើងហក់ឡើងខ្ពស់បែបនេះ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បានស្នើដល់តំណាងក្រុមហ៊ុនអគ្គិសនីកោះកុង មេត្តាចេញមកបំភ្លឺស្រាយចម្ងាល់រាល់បញ្ហាខាងលើ ដើម្បីឱ្យបានដឹងពីមូលហេតុពិតប្រាកដ។ យ៉ាងណាមិញ គិតត្រឹមល្ងាចថ្ងៃទី ០៩ ខែឧសភានេះ កម្ពុជាថ្មី មិនទាន់អាចសុំការពន្យល់បកស្រាយពីតំណាងក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីខេត្តកោះកុងបាននៅឡើយទេ។ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៩ ខែឧសភាថា ករណីពលរដ្ឋមិនសុខចិត្តរឿងកុងទ័រភ្លើងហក់ឡើង និងថ្លៃបង់សេវាខ្ពស់ជាងខែមុនៗ សូមយកវិក្កយបត្រទៅផ្ទៀងផ្ទាត់នៅស្នាក់ការក្រុមហ៊ុនអគ្គិសនីកោះកុង ដើម្បីស្វែងរកដំណោះស្រាយ។បើតាមលោក ខ្លឹម យុនវិសិដ្ឋ អះអាងថា តាមការបកស្រាយបំភ្លឺរបស់តំណាងក្រុមហ៊ុន មូលហេតុដែលនាំឱ្យកុងទ័រភ្លើងហក់ឡើងខ្ពស់បែបនេះ ដោយសារតែទី១-ការកត់ត្រាវិក្កយបត្រខុសលេខ ទី២-អាចថាវិក្កយបត្រខ្លះបូកនឹងបំណុលខែចាស់ ទី៣-នៅក្នុងផ្ទះពលរដ្ឋអាចមានការឆ្លងចរន្តភ្លើងណាមួយ។ លោកថា៖«ដូច្នេះពលរដ្ឋណាដែលមានបញ្ហាខុសប្រក្រតីដូចខាងលើសូមមេត្តាកាន់វិក្កយបត្រភ្លើងទៅកាន់ទីស្នាក់ការក្រុមហ៊ុនអគ្គិសនីកោះកុង ដើម្បីសួរនាំដោយផ្ទាល់ជាមួយបុគ្គលិកតែម្តង។ អត្ថបទ៖ សិរីវឌ្ឍនៈ