Cambodia News

មន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាឥតគិតថ្លៃ ជូនជាង ២.០០០នាក់នៅកំពង់ចាម

មន្ទីរពេទ្យព្រះអង្គឌួង រួមសហការ ជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះពិនិត្យភ្នែក និងចែកវ៉ែនតាឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ២.០០០នាក់ នៅស្រុកស្រីសន្ធរ។

មន្ទីរពេទ្យព្រះអង្គឌួង បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃ ជូនពលរដ្ឋនៅខេត្តកំពង់ចាម។

ពិនិត្យភ្នែក និងចែកវ៉ែនតា នៅស្រុកស្រីសន្ធរ

ក្នុងកម្មវិធី មានការចូលរួមពីលោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងក្រុមគ្រូពេទ្យជំនាញ។ លោកសាស្ត្រាចារ្យរងបានបញ្ជាក់ថា សុខភាពភ្នែកមានសារសំខាន់ក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះការមើលឃើញមិនច្បាស់អាចប៉ះពាល់ដល់ការរៀន ការងារ និងសកម្មភាពប្រចាំថ្ងៃ។ លោកថា ការទៅពិនិត្យភ្នែកឱ្យបានទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ទោះបីភ្នែកមិនមានបញ្ហាក៏ដោយ គឺជាវិធីការពារស្ថានភាពធ្ងន់ធ្ងរដែលអាចកើតឡើងដោយស្ងៀមស្ងាត់។

សេវាឥតគិតថ្លៃ បើតម្រូវឲ្យវះកាត់ អញ្ជើញទៅព្រះអង្គឌួង

សម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកឡើងបាយ ឬតម្រូវឱ្យការវះកាត់ គ្រប់គ្នាត្រូវបានអញ្ជើញឲ្យទៅមន្ទីរពេទ្យព្រះអង្គឌួងឱ្យបានឆាប់បំផុត ព្រោះការព្យាបាលទាន់ពេលអាចជួយកាត់បន្ថយហានិភ័យ និងបង្កើនឱកាសទទួលលទ្ធផលល្អ។ លោកសាស្ត្រាចារ្យរងបានបញ្ជាក់ថា ការវះកាត់មិនគិតថ្លៃ ដោយអង្គការហ្វ្រេដហូឡូជាអ្នកជួយឧបត្ថម្ភ។

តម្លៃសុខភាពភ្នែក និងផលប៉ះពាល់លើជីវភាព

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធី។ ក្នុងនោះ លោកក៏សូមថ្លែងអំណរគុណដល់អង្គការ One Sight Essilor Luxottica Foundation, Bloomberg និងមូលនិធិ Fred Hollows Cambodia ដែលផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីឲ្យកម្មវិធីអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

លេខសេវាអ្នកជំងឺ និងការអំពាវនាវកុំឲ្យភ្លេចពិនិត្យ

លោកក៏បានបន្ថែមថា ប្រសិនបើពលរដ្ឋមានប័ណ្ណមូលនិធិសមធម៌ ប័ណ្ណ ប.ស.ស.. មានលទ្ធភាព ឬមិនមានលទ្ធភាពក្តី សូមទៅដល់ជួបជាមួយក្រុមគ្រូពេទ្យជំនាញ ឬទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ ព្យាបាលជំងឺភ្នែកក្នុងមន្ទីរពេទ្យបង្អែកស្រីសន្ធរ ឬទៅមន្ទីរពេទ្យព្រះអង្គឌួងក៏បាន។ ខណៈកម្មវិធីនេះ ក្រុមគ្រូពេទ្យបានផ្តល់សេវាអ្នកជំងឺសរុប ២.១២៨ នាក់ (ស្រី ១.៣៤៨ នាក់)។ ក្នុងនោះ អ្នកជំងឺទទួលវ៉ែនតា ១.៧៨៤ នាក់ (ស្រី ១.១១៩ នាក់) អ្នកជំងឺបញ្ជូន ១៨៩ នាក់ (ស្រី ១២៧ នាក់) និងអ្នកជំងឺវះកាត់ ១៤ នាក់ (ស្រី ៩ នាក់)។

ការចុះពិនិត្យភ្នែកទៀងទាត់ ជាជំហានការពារអនាគត

នាយិការងមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្រ្តាចារ្យជំនួយ ជុកម៉ុល កុសុម៉ា បានបង្ហាញនូវសេចក្តីសប្បាយរីករាយពេលឃើញប្រជាពលរដ្ឋច្រើនបានអញ្ជើញមកទទួលការពិនិត្យសុខភាពភ្នែក ទទួលវ៉ែនតា និងថ្នាំបន្តក់ភ្នែក ដើម្បីយកទៅប្រើនៅគេហដ្ឋានរៀងៗខ្លួន។ ជាមួយនឹងការចូលរួមរបស់អាជ្ញាធរ និងដៃគូជួយឧបត្ថម្ភ កម្មវិធីនេះជំរុញឲ្យសុខភាពភ្នែកក្លាយជារឿងដែលមនុស្សមើលឃើញតម្លៃ និងធ្វើសកម្មភាពឱ្យបានឆាប់នៅពេលចាំបាច់។